ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបន្តលើកកម្ពស់ប្រសិទ្ធភាពការងារ
ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្រ្តីលើកទី១០ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងធ្វើការពិភាក្សាលើរបៀបវារៈ៖ (១).របាយការណ៍វឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចនានារបស់កិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រីនាពេលកន្លងមក, (២).របាយការណ៍សកម្មភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ប្រចាំឆមាស ឆ្នាំ២០២៦, (៣).របាយការណ៍វឌ្ឍនភាពនៃការងារដែលត្រូវអនុវត្តក្នុងវិធានការគន្លឹះនៃការកែទម្រង់រដ្ឋបាលសាធារណៈ, (៤).របាយការណ៍វឌ្ឍនភាពនៃការងារជំរុញបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី, និង (៥).បញ្ហាផ្សេងៗមួយចំនួន ដើម្បីផ្តល់ការទម្រង់ទិស សម្រួចអាទិភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានា សំដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្រ្តី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្ដល់មូលវិចារខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានខិតខំបំពេញការងារតាមមុខងារភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីវិជ្ជាជីវៈ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ហើយក៏សម្រេចបាននូវលទ្ធផលការងារជាវិជ្ជមានធំៗជាច្រើន ក្នុងរយៈពេល៣ ឆ្នាំកន្លងមកនេះ។
Cancel anytime · CA$99/month


